មេដឹកនាំគណបក្សគណបក្សប្រជាជនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតធំថ្ងៃចុងក្រោយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ | VOA Khmer)

archive

លោកហ៊ុន សែន​ធ្វើខួប​៦៥​ឆ្នាំ​ ខណៈ​មាន​ការពិភាក្សា​ផុលផុស​ពី​សុខភាព​ និង​អ្នកបន្តវេន

ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ អ្នកប្រើប្រាស់​បណ្តាញ​សង្គមអាចមើលឃើញ​រូបថត​ និង​វីដេអូខ្លីៗ​ពីជីវិត​ឯកជន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​បង្ហាញ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​ និង ស្ថានភាព​សុខភាព។

ក្នុង​បណ្តា​រូបភាព​ទាំងនោះ​មានដូចជា​ រូបថត​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​សម្រាកនៅលើ​គ្រែ​ក្នុង​មន្ទីរពេទ្យ ដែល​មាន​កូនៗ​នៅជុំវិញ បើក​រថយន្តសាមញ្ញ​ដឹកពលរដ្ឋ និងហាត់​ប្រាណ​ដោយ​ធាក់​កង់​និង​ដើរលើម៉ាស៊ីន​ជាដើម។

លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា៖

«រៀងរាល់​ពេល​ល្ងាច​ ខ្ញុំ​ត្រូវ​ហាត់​ប្រាណ​ដោយ​ជិះកង់ ​និង​ដើរ​លើ​ម៉ាស៊ីន។ ដើរ​រយៈ​ពេល​៣០​នាទី ​ចម្ងាយ​ជាង​២គីឡូម៉ែត្រ​ និង​ជិះកង់​១​ម៉ោង​ ចម្ងាយជិត២០គីឡូម៉ែត្រ ធ្វើ​អោយ​បែក​ញើស​ជំនួស​អោយ​ការ​មិនបានវាយកូន​គោល​ដែល​ពិបាក​លេង​ក្នុង​រដូវ​ភ្លៀង‍»។

លោក​ហ៊ុន សែន​មានអាយុ​៦៥ឆ្នាំ​នៅ​ថ្ងៃទី​៥ ខែសីហានេះ។ លោក​កាន់តំណែង​ជានាយករដ្ឋ​មន្ត្រី​បាន​ជាង៣២ឆ្នាំ​ហើយ។ ​ទន្ទឹមនឹងនោះការប្រឆាំងនឹង​ការដឹកនាំរបស់​លោក​ក៏​កើន​ឡើង​ដែរ ដែលស្តែង​ចេញ​តាម​រយៈការបោះឆ្នោតជាតិឆ្នាំ២០១៣ និង​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០១៧។

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ | VOA Khmer)

ចាប់​តាំង​ពី​លោក​ហ៊ុន សែន​បាន​បង្ហោះ​រូបថត​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេសសិង្ហបុរី​កាលពី​ខែ​ឧសភា​មក ​អ្នកប្រើប្រាស់​បណ្តាញសង្គម​បានពិភាក្សា​យ៉ាងច្រើន​ពី​បញ្ហាសុខភាព​របស់​លោក​ និង​អ្នក​ដែល​អាចត្រូវ​បន្តតំណែង។ អ្នកខ្លះសម្តែងការព្រួយបារម្ភ​អ្នកខ្លះទៀត​បាន​ប្រមាថមើលងាយ។ ការពិភាក្សា​ពី​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី​បាន​កើនឡើងខ្លាំង​នៅចុងខែ​មិថុនា​ នៅ​ពេល​ដែល​លោក​បាន​លុបចោល​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍អស់​មួយចំនួន។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ទទួលស្គាល់ថា​ លោក​បាន​ឮ​គេ​និយាយថា​ លោក​បាន​ស្លាប់​បាត់​បង់​ជីវិត មាន​អ្នកខ្លះ​និយាយ​ថា​ ស្ថានភាព​សុខភាព​របស់​លោក​មិន​អាចព្យាបាល​បាន ​និង​ត្រូវ​ពេទ្យ​បញ្ជូន​ពី​ប្រទេស​សិង្ហបុរី​ទៅ​ក្រុង​ហុងកុង​ជាដើម។

ការបង្ហោះ​រូបភាព ​និង​វីដេអូខ្លី​ទាំងនេះ ដែលក្នុងនោះ​មាន​រូបថត​របស់​លោក​នាយករដ្ឋមន្ត្រី​អង្គុយ​នៅតុអាហារ​ជាមួយ​នឹង​សហការី​ជិតស្និទ្ធ ​និង​រូបថត​ក្រុមគ្រួសារ​នៅ​ក្នុង​ផ្សារទំនើប​ក្រៅប្រទេស​គឺជា​ផ្នែក​មួយ​ក្នុងការច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ទាំងនេះ។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​ហ៊ុនសែន​នៅក្នុង​ទំព័រ​ហ្វេសប៊ុក។

លោក​ហ៊ុន សែន​បាន​បន្ទោស​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ថា ​ជាអ្នកបង្កើត​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ និង​បាន​ព្រមាន​កុំ​ឱ្យ​កេង​ចំណេញ​។

«រឿងអីចឹងៗច្រើនតែ​ចេញមកពីបក្ស​ប្រឆាំង​។ អីចឹងទេ​បើមេបក្ស​ប្រឆាំង​មិនគ្រប់គ្រងបញ្ហា​ហ្នឹង​ទេអ្នកដែលគ្រោះថ្នាក់មុនគេ​គឺ អស់លោក​។ ខ្ញុំ​សូមថា ​អំពាវនាវ​ទៅកាន់សមាជិក​គណបក្សប្រឆាំង​គឺ​មិន​គ្រប់គ្រាន់ទេ​ អំពាវនាវ​ឱ្យ​មេបក្ស​ប្រឆាំងមើល​សមាជិកសមាជិកា​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​។ បើ​សិន​ជា​បន់ឱ្យ​ហ៊ុនសែន​ស្លាប់​ អ្នក​ឯងនឹងគ្រោះថ្នាក់មុនគេ​ទេ‍»។​

លោក​ហ៊ុន​សែន​បាន​ព្រមាន​ថា​ បើលោក​ស្លាប់​បាត់បង់​ជីវិត​គឺ​ ក្រុមយោធា​នឹង​ចេញ​ពីបន្ទាយ​មក​កម្ទេច​បក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បាន​បដិសេធ​ថា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ទេ។

លោកស្រី​មូរ សុខហួរ​ អនុប្រធានគណបក្ស បានលើកឡើង​ថា គណបក្ស​កំពុងតែរវល់​រៀបចំ​ចូលរួម​ប្រកួត​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​និង​ហ្វឹកហ្វឺន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ដែល​ទើបតែ​ជាប់​ឆ្នោត​កាលពីពេលថ្មីៗនេះ។​

«គណបក្ស​សង្គ្រោះជាតិ​អត់មានពេលវេលាឯណា​ទៅបញ្ចេញព័ត៌មានអី​ផ្សេងពីហ្នឹងទៀតទេ​។ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ​ការទទួលខុសត្រូវ​នៃ​នរណា​ក៏ដោយ​ក្នុងការបញ្ចេញមតិជាការទទួល​ខុសត្រូវ​ឯកជន​ផ្ទាល់ខ្លួន​របស់​ខ្លួន។ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធម្តងហើយ​ម្តងទៀត​មិន​ទទួល​ខុស​ត្រូវនូវពាក្យ​សម្តីណា ដែល​ផ្ទុយនឹង​គោលនយោបាយ​គណបក្ស​សង្គ្រោះជាតិគឺ​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ហើយ​នឹង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ ហើយ​នឹង​អហិង្សា​ និង​ភាព​យុត្តិធម៌​ទេ‍»។ ​

រូបឯកសារ៖ លោកស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា | VOA Khmer)

លោក​ហ៊ុន សែន​បាន​ចូល​សម្រាកពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​ឧសភា​ ប៉ុន្តែ​គ្មាន​អ្នកណា​បាន​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​របស់​លោក​ទេ​ ក្រៅពី​លោក​បញ្ជាក់​ថា​ ដោយសារ​អស់​កម្លាំង​ខ្លាំងតែ​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន​បាន​ប្តេជ្ញា​កាន់អំណាច​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​គឺ រហូតដល់​អាយុ​៧៤ឆ្នាំ។ រីឯ​ការពិភាក្សា​ណាមួយ​ពីអ្នកដែល​ត្រូវ​បន្ត​ការងារពីលោក​ជាបញ្ហា​រសើបមួយ​។

កូនប្រុស​ច្បង​របស់​លោ​កហ៊ុន សែន​គឺ​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ដែល​អាច​បន្ត​ពីលោកបាន។ លោក​ហ៊ុន ម៉ាណែត​ជា ​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​ជាមេបញ្ជាការ​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ផងដែរ។

រូបឯកសារ៖ លោក​ ហ៊ុន មានី​ កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ឈរនៅ​លើ​ឆាក​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស ខណៈ​ដែល​ឪពុក​របស់​លោក​កំពុង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ជា​ច្រើន​ពាន់​នាក់។ (នៅ វណ្ណារិន | VOA Khmer)

លោក​ Sebastian Strangio អ្នកនិពន្ធ​សៀវភៅ​ ដែលមានចំណងជើង​ថា​«ប្រទេសកម្ពុជា​របស់​លោក​ហ៊ុនសែន‍» (Hun Sen’s Cambodia) បាន​និយាយ​ថា​ លោក​ហ៊ុនសែន​នៅមិនទាន់ចាស់ពេក​ដូច​មេដឹកនាំ​នៅក្នុង​ពិភពលោក​មួយ​ចំនួន​ដូចជា​ លោក​ Robert Mogabe ប្រធានាធិបតី​ប្រទេស Zimbabwe ដែលពេលនេះ​មានអាយុ​៩៣ឆ្នាំ​ហើយ​បាន​កាន់អំណាច​ជាង​៣៧ឆ្នាំ។ ប៉ុន្តែ​លោក​ Sebastian​ បានបន្ថែម​ថា​ លោក​ហ៊ុនសែន​គួរតែ​រៀបចំ​ផែនការ​សម្រាប់​អ្នក​បន្ត​វេន​ពីលោក។

លោក​បាន​បន្ថែម​ថា៖

«សម្រាប់​លោក​ហ៊ុន សែន​នៅរាល់ពេលឆ្លងពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ទៀត លោកកាន់​តែ​ចាស់​ជាង​មុន​ហើយ​ជាយថាហេតុ​លោក​ត្រូវតែ​គិត​ពី​អ្នកណា​ដែល​នឹង​ត្រូវ​ស្នងតំណែងពីលោក និង​ថា​តើ​ការ​បន្តវេន​នោះ​វា​អាច​កើតឡើង​ដោយ​របៀបណា»។

លោក​ Sebastian ​បាន​និយាយ​ថា​ ដំណើរការស្នង​តំណែង​អាច​ចាប់​ផ្តើមកាន់​តែ​ឆាប់​កាន់តែ​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ផ្ទេអំណាច​ ដោយ​មិន​មាន​ឧបសគ្គ​ប៉ុន្តែ​រហូត​មកដល់​ពេលនេះ​ វាហាក់ដូច​ជា​មិន​មាន​អ្វី​ជាពិតប្រាកដ​ទេ។

លោក​បានបន្ថែម​ថា៖

«យើង​មិនដឹង​ថា​តើ​រឿងនេះ​អាច​នឹង​កើតឡើង​នៅឆ្នាំនេះ​ ឬឆ្នាំ​ក្រោយ​ទេ​ឬក្នុង​រយៈពេល៥​ឆ្នាំ​ទៀត​ប៉ុន្តែ​បើ​មិន​យូរមិនឆាប់​លោក​ហ៊ុនសែន​ត្រូវ​តែ​ចាប់​ផ្តើមគិតគូពីផែនការ​ទាំងនេះ​សម្រាប់​អនាគត​ព្រោះ​គ្មានអ្នកណា​ម្នាក់​មានជីវិត​អមតៈ​ទេ‍»។

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (សាយ មុន្នី | VOA Khmer)

ពេលបច្ចុប្បន្នលោក​ហ៊ុន សែនក៏ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាគណបក្ស​កាន់​អំណាច។ លោក​បាន​កាន់​តំណែង​នេះ​ចាប់តាំងពីលោកជា ស៊ីម​បាន​ស្លាប់​បាត់​បង់​ជីវិត​កាលពី​ខែ​មិថុនា ​ឆ្នាំ​២០១៥។ គណបក្ស​បាន​ធ្វើ​ការ​កែទម្រង់​ដោយបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មី​ចំនួន​ ៣០៦នាក់ ​កាលពីខែកុម្ភៈ​ឆ្នាំ​២០១៥ ​ដើម្បី​បញ្ចូល​ក្រុមយុវជន។ ក្នុង​នោះ​មាន​កូនប្រុស​ទាំងបីនាក់​របស់​គាត់​គឺ​លោក​ហ៊ុន ម៉ាណែត លោក​ហ៊ុន ម៉ានិត និង​លោក​ហ៊ុន ម៉ានី។

បើទោះបីជា​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា​នៅរក្សា​ការស្ងៀមស្ងាត់ពី​អ្នក​ដែល​ត្រូវ​បន្តវេនក៏ដោយ​ប៉ុន្តែ​និន្នាការ​បច្ចុប្បន្ន​នេះបង្ហាញ​ពី​ការ​ត្រៀម​គណបក្ស​នេះ​នៅ​បន្ត​កាន់​អំណាច​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក​សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ថ្មី​នៃ​គណៈ​កម្មាធិការ​កណ្តាល​បាន​បញ្ជាក់​ថា៖

«យើង​ដឹង​ហើយ​ថា​ គ្មានអ្នកណាមានជីវិតអមតៈទេ​អីចឹងអ្វីៗទាំងអស់​សំខាន់លើតម្លៃ​សន្តិភាព​ដរាបណា​យើង​មាន​តម្លៃ​សន្តិភាព​រឹងមាំ ​ហើយ​អីចឹង​ជីវិត​នៃ​ប្រជាធិបតេយ្យ​យើង​រស់យូរអង្វែង​ហើយ​កាលៈទេសៈ​ប្រទេស​នឹង​ធ្វើ​ដំណើរ​ទៅតាម​ដំណើរ​មួយ ដែល​ប្រជាជន​ស្គាល់នូវតម្លៃ​ខ្លួនឯង​ស្គាល់​ប្រជាធិបតេយ្យ​ខ្លួន​ឯង​ដោយ​មិន​នាំយក​នូវ​ប្រជាធិបតេយ្យ​ពីប្រទេស​ណាទាំងអស់​ ព្រោះកម្ពុជា​ក៏ដោយ​ប្រទេស​ណា​ក៏ដោយ​ គឺមានតម្លៃប្រជាធិបតេយ្យ​តាម​បែបបទ​ និង​វប្បធម៌​ប្រទេស​រៀងៗ​ខ្លួន​មិន​អាច​ធ្វើការ​ចម្លង​ពីប្រទេស​ណាមួយ​បានទេ‍‍‍‍»។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ឱ្យ​កូនប្រុស​របស់​គាត់​កាន់តំណែងក្នុងជួរកងទ័ព ​និង​សភាជាតិ​ហើយ​កូនស្រី​នៅក្នុង​របរ​សារព័ត៌មាន​ ដែលត្រូវ​គេមើលឃើញ​ថា​ ជា​យុទ្ធសាស្ត្រមួយ​ដែល​អាច​រក្សា​អំណាច​ក្រុមគ្រួសារ​គាត់បាន។ នេះ​បើតាម​ការបញ្ជាក់របស់​លោក​ Sebastian Strangio។

លោក​ Sebastian​បាន​បន្ថែម​ថា៖

«ដូច្នេះ​ខ្ញុំ​គិត​ថា​លោក​នាយករដ្ឋមន្ត្រី​កំពុងតែ​ត្រៀមផែនការ​បង្កើតនូវការកាន់អំណាច​ត​ត្រកូលមួយ​។ វា​ជាការប្រាកដ​ណាស់ថា​ គាត់​ចង់​ប្រគល់អំណាច​ទៅកូនប្រុសណាម្នាក់របស់គាត់‍»។

ប៉ុន្តែ​លោក​ Sebastian ក៏ប្រយ័ត្នប្រយែង​ដែរថា​ កិច្ចការ​នេះ​អាច​ធ្វើ​បាន​ក៏​អាស្រ័យ​លើ​សមត្ថភាព​កូននោះដែរ​ក្នុងការ​បំពេញការងា​ និង​អាច​ទទួល​យក​បាន​ដោយ​មន្ត្រី​គណបក្ស​។

លោក​បន្ថែម​ថា៖

«សំណួរមួយ​គឺ​ថា ​តើ​កូនរបស់គាត់​ណាមួយ​ត្រៀមខ្លួន​ស្នងតំណែង​ទេ? តើ​ពួកគេ​បាន​ត្រៀមខ្លួន​ហើយ​ឬនៅ? តើ​ពួកគេ​មាន​ជំនាញ​ខាង​នយោបាយ​គ្រប់គ្រាន់ទេ? ហើយសំណួរ​ទីពីរ​គឺ​ថា​តើ​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​បក្ស​ទទួល​យកការសម្រេច​ចិត្ត​របស់​គាត់​ឬទេ‍?»។

លោក​សុខ ឥសាន្ត ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​យល់ស្របថា​ លោក​ហ៊ុនសែន​តែម្នាក់ឯង​មិនមាន​សំឡេង​ដាច់ខាតទេ។ លោក​បាន​ច្រានចោល​ការសន្និដ្ឋាន​ណា​ពី​ការ​បន្ត​តំណែង​តត្រកូល​ថា​ គ្រាន់តែជា​ទស្សនៈលម្អៀង ​ដែល​បន្តុះបង្អាប់​លោក​នាយករដ្ឋ​មន្ត្រី​តែ​ប៉ុណ្ណោះ។

«មិន​ដូច្នេះ​ទេ​ការយល់ឃើញ​នេះ​គឺជា​ការ​យល់​ឃើញ ដែល​លម្អៀង​ខាងនយោបាយទេ​ក្នុង​ចេតនា​មួយ​ចង់​បន្ទាបបន្ថោក​ឥទ្ធិពល​របស់​សម្តេច​តេជោ​ហ៊ុន សែន​តែប៉ុណ្ណោះ ពីព្រោះ​ការ​តែង​តាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មិនមែន​លើបុគ្គល​ម្នាក់​ ឬ​ពីរ​នាក់​ទេ​។ វា​អាស្រ័យ​លើ​សន្និបាត​របស់​គណបក្ស​ជា​អ្នកសម្រេច‍»។

រូបឯកសារ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា | VOA Khmer)

លោក​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ក៏បាន​បញ្ជាក់ដែរ​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​មិនអាច​ដាក់ការសម្រេច​របស់​គាត់​មក​លើ​គណបក្ស​បាន​ទេ។

«អ្វីៗ​មិនមែន​ចាត់តាំង​ដោយ​បុគ្គល​ទេ​គឺ ចាត់តាំង​ដោយ​ការ​ជ្រើសរើស​ជា​សម្ងាត់​ក្តី​ជា​ចំហ​ក្តី​ធ្វើម៉េច​ដាក់​ទៅ​ឱ្យ​មានការ​ទទួល​យក​បាន​ទាំងអស់​គ្នា​។ អីចឹង​មានន័យ​ថា​ គណបក្ស​បាន​គិត​គូច្រើនណាស់​រៀបចំហ្នឹង​។ អីចឹង​មិនមែនមានន័យ​ថា ​អ្នកនេះ​ត្រូវ​ធ្វើ​នេះ​អ្នកនោះ​ត្រូវ​ធ្វើ​នោះទេ ​អាហ្នឹង​វាអាស្រ័យ​ទៅលើ​សមត្ថភាព​របស់​គាត់​នីមួយៗ​ដែរ‍»។

គណបក្ស​ប្រជាជន​កម្ពុជា​មាន​មន្ត្រី​ដែល​កំពុង​តែ​ឈាន​ឡើង​មួយ​ចំនួន​ដូចជា​លោក​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​អូនព័ន្ធ មុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​លោក​សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជាដើម។

លោក​ឯកអគ្គរាជទូត​ជុំ ប៊ុនរ៉ុង ​បញ្ជាក់​ថា ​មន្ត្រី​វ័យក្មេង​ខ្លះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ការ​ងារ​បាន​យ៉ាង​ល្អ ខណៈពេល​ដែល​មន្ត្រី​ខ្លះទៀត​នៅ​កំពុង​រៀនសូត្រការងារ​ជាបន្ត​ទៀត។

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​គឺ​លោក​សាយ ឈុំនិង​លោក​ស ខេង​កំពុង​កាន់​តំណែង​យ៉ាង​សំខាន់ៗ​ផងដែរ។ លោកសាយ ឈុំ​ជាប្រធានព្រឹទ្ធសភា ហើយ​លោក​ស ខេង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ​បើសិនជា​មានការ​ស្នង​តំណែង​ណាមួយ​ក៏​ត្រូវ​ការគាំទ្រ​ពីមេដឹកនាំ​ទាំងពីរ​។ រហូត​មក​ដល់​ពេល​នេះ​លោកទាំង​ពីរ​នៅមិនទាន់​បញ្ចេញ​យោបល់អ្វី​ជាសាធារណៈនៅឡើយ​ទេ។

រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា | VOA Khmer)

មន្ត្រី​ដ៏​សំខាន់​មួយ​ទៀត​គឺ​លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ទៀ បាញ់។ លោក​ស្រី​អេលីហ្សាបែត បែកឃឺ​ អ្នកនិពន្ធ​សៀវភៅ«​នៅពេលដែល​សង្គ្រាម​បាន​បញ្ចប់‍» (When the War Was Over) ​បាន​ទទួលស្គាល់ពី​តួនាទីដ៏សំខាន់​របស់​លោក​ទៀ បាញ់ក្នុងការ​ធានា​ការផ្ទេរអំណាច​ដោយ​សន្តិវិធី។

«លោកទៀ បាញ់​ក្នុងនាមជាអ្នកទទួលខុសត្រូវ​លើកម្លាំង​យោធា​គឺ​ជា ​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​យើង​ត្រូវ​សង្កេត​មើលនៅពេល​មាន​ការស្នងតំណែង​ឬមិនមាន។ គាត់​គឺ​ជា​មនុស្ស​ដ៏សំខាន់នៅក្នុង​ការ​ផ្ទេរ​អំណាច‍»។

លោក​សុខ ឥសាន្ត​ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ផងដែរ​នោះ​ មើល​ឃើញ​ថា​គណបក្ស​នឹង​បន្ត​ការងារ​ទៅមុខ​ទៀត​បើ​ទោះបីជាមាន ​ឬ​មិន​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​ភារកិច្ច​អនាគត​អាស្រ័យ​លើ​សន្និបាត​គណបក្សជា​អ្នកសម្រេច៕

កម្ពុជា (១៩៥៣ - ២០១៨)

[x]

ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨

សហគមន៍អន្តរជាតិ​ថ្កោលទោស​ការបោះឆ្នោតថា «‍មិនសេរីឬ​យុត្តិធម៌»

អ្នក​នាំ​ពាក្យ​របស់​សេតវិ​មាន​នៃ​រដ្ឋបាល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រ​មាន​ថា​ខ្លួន​នឹង​ចាត់​វិធានការ​ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​បោះឆ្នោត ដែល​ខ្លួន​ចាត់​ទុកថា​មិន​បាន​រៀបចំ​មាន​លក្ខណៈ សេរី​និង យុត្តិធម៌ និង មិន​បាន​អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​បាន​ចូល​រួម។

ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨

គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះអាសនៈទាំងអស់នៃរដ្ឋសភា

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​​ថា ខ្លួន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង ១២៥ អាសនៈ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិអាណត្តិទី៦ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​អ្នក​រិះគន់​ថា​គ្មាន​ភាព​សេរី និង​យុត្តិធម៌ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​បំផុត​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម។

ថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ ២០១៨

កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស

គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា ខ្លួន​ទទួលបាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រងការរិះគន់​ពីសំណាក់​ក្រុមសិទ្ធិមនុស្សថា​ ជា​ការ​បោះឆ្នោត​ដ៏គួរ​ឲ្យអាម៉ាស ពីព្រោះ​គណបក្ស​ប្រឆាំងដ៏​ធំ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ក្នុងការ​បោះឆ្នោត​នេះ។

ថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ ២០១៨

ការិយាល័យ⁣បោះឆ្នោត⁣នៅ⁣ទូទាំង⁣ប្រទេស⁣បាន⁣បើកទ្វារ⁣ដោយ⁣គ្មាន⁣វត្តមាន⁣គណបក្ស⁣សង្គ្រោះជាតិ

ការិយាល័យ⁣បោះឆ្នោត⁣ជិត២ម៉ឺន៣ពាន់⁣ការិយាល័យ⁣ក្នុង⁣ប្រទេស⁣កម្ពុជា ⁣បាន⁣បើកទ្វារហើយ⁣នៅព្រឹក⁣ថ្ងៃអាទិត្យ⁣នេះ ដើម្បី⁣ឲ្យ⁣អ្នក⁣បោះឆ្នោត⁣រាប់⁣លាននាក់⁣ បាន⁣ជ្រើសរើស⁣គណបក្ស⁣ដែល⁣ខ្លួន⁣ពេញចិត្ត⁣ដើម្បី⁣ដឹកនាំ⁣ស្ថាប័ន⁣នីតិបញ្ញត្តិ ឬសភា⁣ និង⁣ស្ថាប័ន⁣នីតិប្រតិបត្តិ ឬរដ្ឋាភិបាល។

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨

រដ្ឋាភិបាល​រាំង​ខ្ទប់​វេបសាយ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន

មន្ត្រី​រដ្ឋាភិបាល បាន​បញ្ជាក់​​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត និង​បណ្ដាញ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស បិទ​ការ​ចូល​អាន​វេបសាយ​ព័ត៌មាន​យ៉ាង​ហោច​ចំនួន​១៥ ដែល​រិះគន់​រដ្ឋាភិបាល អំឡុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត ក្រោម​ហេតុ​ផល​ថា«រំខាន​ដល់​ការ​បោះ​ឆ្នោត»។

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨

សមាជិក​បក្ស​ប្រឆាំង​​៥រូប​រង​ការ​ផាក​ពិន័យ​ម្នាក់ៗ​ចំនួន​១០លាន​រៀល​ដោយសារ​បង្ហោះ​រូប​ម្រាម​​ដៃ​ស្អាត

សមាជិក​គណ​បក្សសង្គ្រោះជាតិ​ចំនួន​៥នាក់​ ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​ផាក​ពិន័យ​ក្នុង​ម្នាក់​ចំនួន​១០លាន​រៀល​ ​ដោយ​រងការ​ចោទ​ថា​បាន​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត​។

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨

ពលរដ្ឋ​ខ្មែរ​យល់​ឃើញ​ខុស​គ្នា​ចំពោះ​ការ​បោះឆ្នោត​​ ​ខណៈ​យុទ្ធនាការ​ឃោសនា​បាន​បញ្ចប់

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈពេល​២១ថ្ងៃ បាន​បិទ​បញ្ចប់​ហើយ​នៅថ្ងៃ​សុក្រ​នេះ ជា​មួយ​ទស្សនៈ​យល់ឃើញ​ផ្សេងគ្នា​របស់​អ្នកគាំទ្រ​ ​សមាជិក​បក្ស​ ​និង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ ចំពោះ​បរិយាកាស​នៅ​ថ្ងៃ​បោះឆ្នោត​ និង​ក្រោយ​ការបោះឆ្នោត។

ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨

សហរដ្ឋអាមេរិក​អនុម័តសេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា

រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ២០១៨ (Cambodia Democracy Act of 2018) ដែលនឹងដាក់ទណ្ឌកម្មលើ​មន្ត្រីជាន់ខ្ពស់របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨

ប្រទេស​ជប៉ុន​​​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​​បោះឆ្នោត​មក​​​កម្ពុជា​ទេ

ប្រទេស​ជប៉ុន​បាន​និយាយ​​ថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មក​សង្កេត​ការណ៍​បោះ​ឆ្នោត​​ទេ​ ទោះបី​ជា​រដ្ឋាភិបាលទីក្រុង​តូក្យូ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជាច្រើន​លើក​កន្លង​មក​ហើយ​ក៏ដោយ។

ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨

រដ្ឋាភិបាល​បញ្ជា​ឱ្យ​ផាក​ពិន័យ​អ្នក​ធ្វើ​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​មិន​ទៅ​បោះឆ្នោត

លោក​ ​ស ខេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង​ជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​អ្នក​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​លើ​បណ្តាញ​អ៊ីនធឺណិត​ ​ដែល​បង្ហាញ​ពី​ការ​មិន​ទៅ​បោះ​ឆ្នោត​ ឲ្យ​បង់​ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល​ទៅ​២០លាន​រៀល។

ថ្ងៃ​ទី ១០ ខែ កក្កដា ឆ្នាំ ២០១៨

ស្ថាប័ន​រដ្ឋ​នៃ​ប្រទេស​កម្ពុជា​​ប្រឈម​នឹង​​ការ​​វាយប្រហារ​តាម​អ៊ីនធឺណិត​ពី​ចិន​

ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត (hackers) ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​និង​កុំព្យូទ័រ​នៃ​ស្ថាប័ន​​រដ្ឋ​សំខាន់ៗ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អ្នក​ជំនាញ​ជឿ​ថា ​ជា​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ចិន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ចុង​ខែ​កក្កដា​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​មួយ​ឈ្មោះ FireEye Inc. របស់​សហរដ្ឋ​អាមេរិក។

ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៨

យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​​ជាតិ​ចាប់​ផ្តើម

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ចាប់​ផ្តើម។ គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​ឈ្មោះ​​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​។

ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០១៨

អ្នកសង្កេតការណ៍​៥០០០០នាក់​នឹង​​សង្កេត​មើល​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា អ្នក​សង្កេតការណ៍​៥០០០០​នាក់ ដែលខ្លះ​​មក​ពី​ចិន​ មីយ៉ាន់ម៉ា និង​សិង្ហបុរី នឹង​សង្កេត​មើល​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ខាង​មុខ​នេះ។

ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០១៨

UN​ ថាបរិយាកាស​នយោបាយ​នៅ​កម្ពុជា​មិន​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​សេរី​​ទេ

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ប្រទេស​នូវែល​ហ្សឺឡង់​និង​ប្រទេសជា​សមាជិក​ដទៃទៀត​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជាត្រឡប់​មក​រក​ប្រជាធិបតេយ្យ​​ដើម្បី​​រៀបចំ​ការ​បោះឆ្នោតជាតិ​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌ ដោយ​ហៅ​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​ថា«​មិន​សមស្រប​សម្រាប់​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​ពិតប្រាកដ​នោះ​ទេ‍»។

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រធានកង​អង្គរក្ស​លោក ហ៊ុន សែន

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោកឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង ប្រធាន​​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​បំពាន​សិទ្ធិមនុស្ស។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨

​កងកម្លាំង​ពិសេស​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឃ្លាំ​មើល​ព័ត៌មាន​លើ​អ៊ីនធឺណិត

រដ្ឋាភិបាល​ចេញ​សេចក្តីបង្គាប់​មួយ ថា​ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រិយសណីយ៍ ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​​មើល​​ព័ត៌មាន​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ទំនង​ជា​អាច​បង្ក​ឲ្យ​មាន​«អស្ថិរភាព‍» ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​​របស់​រដ្ឋាភិបាល​ នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៩ ខែ កក្កដា ខាង​មុខ​នេះ។

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

គ.ជ.ប បង្កើត​ក្រម​សីលធម៌​សម្រាប់​អ្នក​កាសែត​

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បង្កើត​ក្រម​សីលធម៌​ដ៏​ចម្រូងចម្រាស​​មួយ​សម្រាប់​អ្នក​កាសែត​ ដែល​យក​ព័ត៌មាន​នៅ​ថ្ងៃ​បោះឆ្នោត​​ ក្នុង​នោះ​ក៏​រួម​​មាន​ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​កាសែត​សួរ​ព័ត៌មាន​លម្អិត​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផង​ដែរ។ ​

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨

គណនបក្ស​២០​បាន​ចុះ​ឈ្មោះ

ទោះ​ជា​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ គណបក្ស​នយោបាយ​ចំនួន​២០​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ឈ្មោះ​ប្រកួត​​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨

Comfrel​ ដកខ្លួន​មិន​សង្កេត​មើល​ការ​បោះឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​ខុមហ្វ្រែល បាន​ឲ្យដឹង​ថា ខ្លួន​មិន​ចូលរួម​សង្កេត​​មើល​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​នេះ​ទេ ដោយ​យោង​លើ​​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​អង្គការ​នេះ​​និង​អង្គការ​ដទៃទៀត​ថា​​ចូលរួម​លើក​ស្ទួយ​ការ​ធ្វើ​«បដិវត្តន៍​ពណ៌‍» នៅ​កម្ពុជា។

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨

UN​ អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា

អង្គការឃ្លាំ​មើល​ការ​ឃុំ​ឃាំង​​តាម​ទំនើង​ចិត្ត​និង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ទាមទារ​​ឲ្យ​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់ ដោយ​បាន​ហៅ​ការ​ចាប់​លោក​ដាក់​ពន្ធនាគារ​ថា «​មិន​មាន​លក្ខណៈ​មនុស្ស​ធម៌‍»​និង​«គួរ​ឲ្យ​អាម៉ាស់‍»។

ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០១៨

កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​លក់

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ដែល​ជា​កាសែត​ឯករាជ្យ​ចុង​ក្រោយ​បង្អស់​នៅ​កម្ពុជា​និង​ដែល​បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ត្រូវ​បាន​លក់​ឲ្យ​អ្នក​វិនិយោគ​ម៉ាឡេស៊ី ដែល​ក្រុមហ៊ុន​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន។ ​

ខែមករា ឆ្នាំ២០១៨

លោក សម រង្ស៊ី បង្កើត​ចលនា CNRM

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស CNRP បង្កើត​ចលនា​សង្រ្គោះជាតិ (CNRM) ដែល​លោក​អះអាង​ថា​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ CNRP នៅ​តែ«​រស់រាន​មាន​ជីវិត‍» និង​«មិន​អាច​ត្រូវ​រំលាយ​បាន‍» ដោយសារ​តែ​ចលនា​នេះ​មិន​ត្រូវ​ចុះបញ្ជី​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក សម រង្ស៊ី បាន​និយាយ​ថា ចលនា​នេះ​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន ដែល​រួម​ទាំង​ធានា​ថា ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​កក្កដា​ខាង​មុខ​នេះ មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ផង​ដែរ។

ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧

តុលាការ​កំពូល​រំលាយ​​គណបក្ស CNRP

តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​ចេញ​សាលក្រម​ឲ្យ​រំលាយគណបក្ស​ CNRP។ សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​នឹង​គណបក្ស CPP ខណៈ​ដែល​សមាជិក​ជាច្រើន​ទៀត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ឬ​ត្រូវ​បង្ខំ​ឲ្យ​ឈប់​ធ្វើ​នយោបាយ។

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧

អ្នកស្រី មូរ សុខហួរ រត់ភៀសខ្លួន​

លោកស្រី មូរ សុខហួរ ​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត។

ខែកញ្ញា ឆ្នាំ២០១៧

វិទ្យុ​អាស៊ីសេរី​បិទ​ការិយាល័យ​នៅ​កម្ពុជា

វិទ្យុ​អាស៊ី​សេរី (RFA) បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា បន្ទាប់​ពី​ដំណើរការ​ជិត​២០​ឆ្នាំ ដោយ​ផ្អែក​លើ​ហេតុផល​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​នៅ​កម្ពុជា​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុអាស៊ីសេរី​ (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ត្រូវ​បិទទ្វារ​ ដោយ​ផ្អែក​លើ​ហេតុផល​គ្មាន​អាជ្ញាប័ណ្ណ​ដើម្បី​ដំណើរការ។ វិទ្យុ​ដទៃទៀត​ដែល​នៅ​ដំណើរការ​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA)។ ​​

ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៧

កាសែត Cambodia Daily បិទទ្វារ

កាសែត​ឯករាជ្យ Cambodia Daily ​ប្រកាស​ថា​នឹង​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល​២៤​ឆ្នាំ នៅពេល​ដែល​កាសែត​នេះ​ពាក់ព័ន្ធ​នឹង​ការ​មិន​បង់​ពន្ធ​៦,៣លាន​ដុល្លារ ប៉ុន្តែ​បណ្ណាធិការ​កាសែត​នេះ​និយាយ​ថា រឿង​នេះ​ពាក់ព័ន្ធ​នឹង​នយោបាយ ​ហើយ​ខ្លួន​មិន​មាន​លទ្ធភាព​បង់​ពន្ធ​នោះ​ទេ។ ​​

ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧

លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន

លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​កណ្តាល​អាធ្រាត្រ​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​​រាជធានី ភ្នំពេញ ពី​បទក្បត់ជាតិ ដោយ​រដ្ឋាភិបាល​ចោទប្រកាន់​លោក​ថា​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក ហ៊ុន សែន បាន​ព្រមាន​កុំ​ឲ្យ​គណបក្ស CNRP ការពារ​លោក កឹម សុខា​ បើ​មិន​ដូច្នោះ​ទេ អាច​ប្រឈម​នឹង​ការ​រំលាយ​គណបក្ស។​​​

ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៧

វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ត្រូវ​បង្ខំ​ឲ្យ​បិទទ្វារ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅកម្ពុជា​ចំពោះ​ការ​មិន​ចុះ​បញ្ជី​តាម​ច្បាប់។

ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៧

រដ្ឋសភា​អនុម័ត​ច្បាប់​ហាមឃាត់​គណបក្ស​នយោបាយ

រដ្ឋសភា​ជាតិ​បាន​អនុម័ត​លើ​ច្បាប់​មួយ​ដែល​ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ពាក់ព័ន្ធ​ជាផ្លូវការ​ជាមួយ​នឹង​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ។ ​

ខែមិថុនា ឆ្នាំ២០១៧

កម្ពុជាបោះឆ្នោត​ឃុំសង្កាត់​លើក​ទី​បួន

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ជា​លើក​ទី​បួន។ គណបក្ស CPP ឈ្នះ​បាន​សំឡេង​ភាគច្រើន ប៉ុន្តែ​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ទៅ​គណបក្ស CNRP។ ​

ខែមីនា ឆ្នាំ២០១៧

លោក កឹម សុខា ក្លាយ​ជា​ប្រធាន​គណបក្ស CNRP

លោក កឹម សុខា ជំនួស​តំណែង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស CNRP។

ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧

លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​ CNRP

លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​និរទេស​ខ្លួន​របស់​គណបក្ស​CNRP​លាលែង​ពី​តំណែង ដើម្បី​ព្យាយាម​រក្សា​គណបក្ស​កុំ​ឲ្យ​ត្រូវ​បាន​គេ​រំលាយ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ប្ដូរ​ច្បាប់​ថ្មី​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​រំលាយ​គណបក្ស​ណា​ដែល​មាន​មន្ត្រី​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១៦

ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​លោក កឹម សុខា

ព្រះមហាក្សត្រ សីហមុនី ព្រះ​រាជទាន​លើកលែង​ទោស​ដល់​លោក កឹម សុខា តាម​សំណើ​របស់​លោក ហ៊ុន សែន។ ​

ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០១៦

លោក កឹម សុុខា​ ត្រូវ​បាន​កាត់ទោស​​

តុលាការ​រាជធានី ភ្នំពេញ កាត់ទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ខែ ជុំវិញ​ករណី​សំណុំ​រឿង​ស្នេហា​លួចលាក់​របស់​លោក ដែល​គេ​ជឿ​ថា​ពាក់ព័ន្ធ​នឹង​នយោបាយ។ លោក កឹម សុខា មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ដីកាកោះ​នោះ​ទេ។

ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦

លោក កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់

លោក កែម ឡី ដែល​ជា​សកម្មជន​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ម្នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ឯ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កណ្តាល​រាជធានី ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ ដែល​ប៉ូលិស​និយាយ​ថា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រាក់​កម្ចី​៣០០០​ដុល្លារ ប៉ុន្តែ​ភរិយា​របស់​លោក កែម ឡី បាន​បដិសេធ។

ខែមិថុនា ឆ្នាំ២០១៦

លោក កឹម សុខា លាក់​ខ្លួន​

លោក កឹម សុខា ​ចាប់​ផ្តើម​លាក់​ខ្លួន​នៅ​ទីស្នាក់ការ​របស់​គណបក្ស CNRP ដើម្បី​ចៀសវាង​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​​លោក។ ​​

ខែមេសា ឆ្នាំ២០១៦

មន្ត្រី​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

មន្ត្រី​៤​នាក់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក និង​អគ្គ​លេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​របស់​លោក កឹម សុខា។ ​​

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥

លោក សម រង្ស៊ី ត្រូវ​បាន​ដកតំណែង

ខណៈ​ធ្វើ​ទស្សនកិច្ច​ទៅ​បរទេស លោក សម រង្ស៊ី ​ត្រូវ​បាន​ដក​តំណែង​ជា​សមាជិក​សភា​និង​អភ័យឯកសិទ្ធិ​សភា ដែល​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បរិហាកេរ្តិ៍។ ​​

ខែតុលា ឆ្នាំ២០១៥

សមាជិក​សភា​ CNRP ពីរ​នាក់​ត្រូវ​បាន​គេ​វាយដំ

សមាជិក​សភា​ពីរ​នាក់​របស់​គណបក្ស CNRP ត្រូវ​បាន​ហ្វូង​បាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល វាយដំ​នៅ​មុខ​រដ្ឋសភា​ជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា លាលែង​ពី​តំណែង​ជា​អនុប្រធាន​សភា។

ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៥

រដ្ឋសភាអនុម័ត​ច្បាប់​ដែល​អាច​បង្ក្រាប​សង្គមស៊ីវិល

រដ្ឋសភាជាតិ​កម្ពុជា​អនុម័ត​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ដែល​អ្នក​រិះគន់​និយាយ​ថា ផ្តល់​អំណាច​ពេញលេញ​ដល់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​ណា ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ខែមេសា ឆ្នាំ២០១៥

គ.ជ.ប ​ត្រូវ​បាន​រុះរើ​ឡើង​វិញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​រុះរើ​ឡើង​វិញ ដោយ​កិច្ចព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំងពីរ ដើម្បី​ធ្វើ​កំណែទម្រង់​ការ​បោះឆ្នោត។

ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០១៤

CNRP ឈប់​ធ្វើ​ពហិការ​រដ្ឋសភា

គណបក្ស CNRP ព្រមព្រៀង​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​រដ្ឋសភា​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ។

ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១៤

សមាជិក CNRP ត្រូវ​បាន​ចោទប្រកាន់​

អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​៦​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ដឹកនាំការ​ធ្វើ​«កុប្បកម្ម​‍»មួយ បន្ទាប់​ពី​ប៉ះទង្គិច​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ ដែល​ទប់ស្កាត់​អ្នក​គាំទ្រ​របស់​ពួកគេ​មិន​ឲ្យ​ប្រមូលផ្តុំ​គ្នា​នៅ​សួន​ប្រជាធិបតេយ្យ។ ​

ខែមករា​ ឆ្នាំ២០១៤

កងរាជអាវុធហត្ថ​​បង្ក្រាប​ការ​តវ៉ា​

កងរាជអាវុធហត្ថ​បង្ក្រាប​ការ​តវ៉ា​របស់​គណបក្ស CNRP និង​កម្មករ​រោងចក្រ ដែល​បាន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ និង​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៤​នាក់។

ខែកញ្ញា​ដល់​ធ្នូ ឆ្នាំ​២០១៣

អ្នក​គាំទ្រ CNRP តវ៉ា​លទ្ធផល​បោះឆ្នោត

គណបក្ស CNRP និង​អ្នក​គាំទ្រ ​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី ភ្នំពេញ ជុំវិញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស ដោយ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង និង​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។

ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣

កម្ពុជា​​បោះឆ្នោត​ជាតិ​លើក​ទី​បួន

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​លើក​ទី​បួន។ គណបក្ស CNRP ឈ្នះ​បាន​៥៥​អាសនៈ​ពី​សភា​ដែល​មាន​១២៣​អាសនៈ ហើយ​គណបក្ស​ CPP ឈ្នះ​អាសនៈ​ដែល​នៅ​សេសសល់​ទាំង​អស់។ គណបក្ស CNRP បដិសេធ​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត​និង​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​សភា។ ​

ខែកក្កដា ឆ្នាំ២០១៣

លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ

លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះ​រាជទាន​លើកលែង​ទោស​ដល់​លោក តាម​សំណើ​របស់​លោក ហ៊ុន សែន។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២

ព្រះបាទ សីហនុ សោយទិវង្គត

ព្រះបាទ សីហនុ សោយទិវង្គត​ដោយសារ​ជំងឺ​បេះដូង ក្នុង​ព្រះជន្មាយុ ៨៩ ព្រះវស្សា។

ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១២

CNRP ត្រូវ​បាន​បង្កើត​ឡើង​

មន្ត្រី​កំពូលៗ​ពី​គណបក្ស SRP និង​គណបក្ស HRP ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង ម៉ានីល ដើម្បី​សម្រេច​បញ្ចូល​គណបក្ស​ទាំង​ពីរ​ចូល​គ្នា​ជា​គណបក្ស​ថ្មី​មួយ គឺ​គណបក្ស​សង្គ្រោះជាតិ CNRP។

ខែមិថុនា ឆ្នាំ២០១២

កម្ពុជា​​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​បី

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​បី ដោយ​គណបក្ស CPP ឈ្នះ​បាន​៦១,៨ភាគរយ​។

ខែកញ្ញា ឆ្នាំ២០១០

លោក សម រង្ស៊ី ​រត់ភៀសខ្លួន​

លោក សម រង្ស៊ី រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​ម្តង​ទៀត ដោយ​ប្រឈម​នឹង​ការ​ចោទប្រកាន់​អំពី​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​និង​បន្លំ​ផែនទី បន្ទាប់​ពី​លោក​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​ដាំ​បង្គោល​ព្រំដែន។ ​

ខែកក្កដា ឆ្នាំ២០០៨

CPP ឈ្នះ​ការ​បោះឆ្នោត​ជាតិ

គណបក្ស CPP របស់​លោក ហ៊ុន សែន ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការ​បោះឆ្នោត​ជាតិ។

ខែកក្កដា ឆ្នាំ២០០៧

លោក កឹម សុខា បង្កើតគណបក្ស ​​HRP

លោក កឹម សុខា ស្ថាបនិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា (CCHR) បង្កើត​គណបក្ស​សិទ្ធិមនុស្ស (HRP)។

ខែមេសា ឆ្នាំ២០០៧

កម្ពុជា​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​ពីរ

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​លើក​ទី​ពីរ។ គណបក្ស CPP ឈ្នះ​បាន ៩៨,២ភាគរយ​នៃ​ឃុំសង្កាត់​សរុប ខណៈ​ដែល​គណបក្ស SRP ឈ្នះ​ត្រឹម​តែ១,៧​ភាគរយ​តែ​ប៉ុណ្ណោះ។

ខែតុលា ឆ្នាំ២០០៦

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទម្លាក់​ព្រះអង្គម្ចាស់ រណឫទ្ធិ

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទម្លាក់​ព្រះអង្គម្ចាស់ រណឫទ្ធិ ពី​តំណែង​ជា​ប្រធាន​គណបក្ស​ បន្ទាប់​ពី​លោក ហ៊ុន សែន​ បាន​ចោទប្រកាន់​ព្រះអង្គម្ចាស់ រណឫទ្ធិ​ ថា​តែងតាំង​បុគ្គល​មិន​មាន​សមត្ថភាព​ឲ្យ​កាន់​តំណែង​នយោបាយ​ និង​និយាយ​ថា​ ការ​ដែល​ព្រះអង្គ​យក​អ្នកស្រី អ៊ុក ផល្លា ធ្វើ​ជា​ស្រី​កំណាន់​គឺ​ជា​រឿង​ដ៏​អាម៉ាស់​មួយ។ បន្តិច​ក្រោយ​មក ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ១៥០.០០០​ដុល្លារ ពីបទ​រំលោភ​សេចក្តីទុកចិត្ត​ ដោយ​ទិញ​ដី​ពី​ប្រាក់​ដែល​បាន​ពី​ការ​លក់​ទីស្នាក់ការ​នានា​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​តម្លៃ ៣,៦លាន​ដុល្លារ។ ​​

ខែមីនា ឆ្នាំ២០០៦

ព្រះ​អង្គម្ចាស់​ រណឫទ្ធិ លាលែង​ពី​ប្រធាន​សភា

ព្រះ​អង្គម្ចាស់​ រណឫទ្ធិ លាលែង​ពី​តំណែង​ជា​ប្រធាន​សភាជាតិ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ដក​តំណែង​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍន៍ និង​សហរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់ រណឫទ្ធិ រត់ភៀស​ខ្លួន​ទៅ​ប្រទេស​បារាំង។ ​

ខែកុម្ភៈ ឆ្នាំ២០០៦

លោក សម រង្ស៊ី ត្រឡប់​មកកម្ពុជា​វិញ

លោក សម រង្ស៊ី ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស និង​ត្រឡប់​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​និរទេស​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​ចៀសវាង​ការ​ចាប់​ដាក់​ពន្ធនាគារ​លើ​ករណី​បរិហាកេរ្តិ៍​ ជុំវិញ​ការ​រិះគន់​ទៅ​លើ​គោលនយោបាយ​ព្រំដែន​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​វៀតណាម។ ក្រោយ​មក​ លោក​បាន​ចូលរួម​ជាមួយនឹង​គណបក្ស CPP ដើម្បី​កែប្រែ​ច្បាប់​បោះឆ្នោត​ពី​គោលការណ៍​ពីរ​ភាគបី ទៅជា​គោលការណ៍​សំឡេង​ភាគច្រើន​វិញ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​លែង​សូវ​សំខាន់​សម្រាប់​រដ្ឋាភិបាល​ចម្រុះ។​​​​

ខែតុលា ឆ្នា២០០៥

ព្រះមហាក្សត្រចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​

លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជានិយម​កម្ពុជា ចំពោះ​ការ​ដែល​ព្រះករុណា​ សីហមុនី ពន្យារ​ពេល​ចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​ដ៏​ចម្រូងចម្រាស​មួយ​ជាមួយនឹង​វៀតណាម។ ក្រោយ​មក​ព្រះអង្គ​ក៏​យល់​ព្រម​ចុះ​ព្រះហស្ថលេខា។ ​

ខែតុលា ឆ្នាំ២០០៤

​ព្រះករុណា នរោត្តម សីហមុនី ​ឡើង​គ្រងរាជ្យ​

​ព្រះករុណា នរោត្តម សីហមុនី ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​ព្រះបាទ នរោត្តម សីហនុ។

ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០០៣

CPP ឈ្នះ​ការ​បោះឆ្នោត​ជាតិ

គណបក្ស CPP ឈ្នះ​ការ​បោះឆ្នោត​ជាតិ ហើយ​លោក ហ៊ុន សែន បន្ត​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី។

ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ២០០២

កម្ពុជា​បោះឆ្នោត​ឃុំសង្កាត់​លើកដំបូង

កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ដំបូង​បង្អស់​របស់​ខ្លួន។ គណបក្ស CPP ឈ្នះ​បាន​អាសនៈ​ភាគច្រើន​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង​អាច​តែងតាំង​ប្រធាន​ឃុំសង្កាត់​ភាគច្រើន​នៅ​ក្នុង​ប្រទេស។

ខែវិច្ឆិកា ឆ្នាំ១៩៩៨

ព្រះអង្គម្ចាស់ រណឫទ្ធិ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​

​លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់ រណឫទ្ធិ ឯកភាព​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដែល​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ក្លាយ​ជា​ប្រធាន​រដ្ឋសភា​ជាតិ។ ការព្រមព្រៀង​គ្នា​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ជាមួយ​នឹង​គណបក្ស CPP ធ្វើ​ឲ្យ​គណបក្ស SRP ក្លាយ​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស។

ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ១៩៩៨

CPP ឈ្នះការ​បោះឆ្នោត​ជាតិ

គណបក្ស CPP របស់​លោក ហ៊ុន សែន ឈ្នះ​អាសនៈ​សភា​​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ហើយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ឈ្នះ​បាន​អាសនៈ​ច្រើន​ទីពីរ និង​គណបក្ស SRP ឈ្នះ​បាន​អាសនៈ​ច្រើន​ទី​បី។

ខែមីនា ឆ្នាំ១៩៩៨

ព្រះអង្គម្ចាស់ រណឫទ្ធិ យាង​មក​កម្ពុជា​វិញ

ព្រះអង្គម្ចាស់ រណឫទ្ធិ យាងមក​កម្ពុជា​វិញ​ដើម្បី​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ។

ខែកក្កដា ឆ្នាំ១៩៩៧

ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវ​ទម្លាក់​ពី​តំណែង

ការ​ប៉ះទង្គិច​គ្នា​ដ៏​ធំ​មួយ​រវាង​កងកម្លាំង​របស់​គណបក្ស CPP និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច កើតឡើង។ ព្រះអង្គម្ចាស់ រណឫទ្ធិ និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​មួយ​ខែ​ក្រោយ​មក ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ។

ឆ្នាំ១៩៩៥

លោក សម រង្ស៊ី បង្កើត​គណបក្ស​នយោបាយ

លោក សម រង្ស៊ី ​បង្កើត​គណបក្ស​ជាតិខ្មែរ។

ខែមិថុនា ឆ្នាំ១៩៩៣

ហ៊្វុនស៊ីនប៉ិច​និង​CPP ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​

ដោយ​មាន​អន្តរាគមន៍​ពី​ព្រះបាទ​ នរោត្តម សីហនុ គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស CPP ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដោយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ ហើយ​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ។ ​

ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

កម្ពុជា​បោះឆ្នោត​លើក​ដំបូង

ក្រោយ​ពី​មាន​ការ​ការពារ​ពី​អង្គការ​សហប្រជាជាតិ​អស់រយៈពេល​ពីរ​ឆ្នាំ ​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដំបូង​បង្អស់​របស់​ខ្លួន​ក្រោយ​សង្គ្រាម​បញ្ចប់ ដោយ​មាន​ការ​ត្រួតពិនិត្យ​ពី​អង្គការ​នេះ។ គណបក្ស CPP របស់​លោក ហ៊ុន សែន បាន​ចាញ់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១

​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង ប៉ារីស ត្រូវ​បាន​ចុះ​ហត្ថលេខា

ប្រទេស​ចំនួន​១៩ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង ប៉ារីស ដើម្បី​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ​

ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ១៩៨៩

កងទ័ព​វៀតណាម​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា

កងទ័ព​វៀតណាម​ចុងក្រោយ​បង្អស់​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​កាន់​កាប់​កម្ពុជា​អស់​មួយ​ទសវត្សរ៍។ ​

ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥

លោក ហ៊ុន សែន ក្លាយ​ជា​នាយករដ្ឋមន្ត្រី ​

លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​ជាតិ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី។ ​​

ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩

​របប​ខ្មែរ​ក្រហម​បញ្ចប់

អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​ក្រុម​ដែល​គាំទ្រ​ដោយ​យោធា​វៀតណាម ផ្តួលរំលំ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​និង​​រំដោះ​កម្ពុជា។ ក្រោយ​មក​វៀតណាម​បាន​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​ថ្មី​មួយ។

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ១៩៧៥

ខ្មែរ​ក្រហម​កាន់​កាប់​កម្ពុជា

ខ្មែរ​ក្រហម​​ដែល​គាំទ្រ​ដោយ​ចិន កាន់​កាប់​កម្ពុជា​និង​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​១លាន​៧​សែន​នាក់ ក្នុង​រយៈពេល​៣ឆ្នាំ ៨ខែ និង​២០​ថ្ងៃ។

ខែមីនា ឆ្នាំ១៩៧០

លន់ នល់ ធ្វើ​រដ្ឋប្រហារ

ឧត្តមសេនីយ៍ លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​ព្រះបាទ សីហនុ។

ខែមេសា ឆ្នាំ១៩៦០

ព្រះបាទ សីហនុ ​ក្លាយ​ជា​ប្រមុខរដ្ឋ

ព្រះបាទ សុរាម្រិត សោយទិវង្គត។ ព្រះបាទ សីហនុ យល់​ព្រម​ទទួល​តំណែង​ជា​ប្រមុខរដ្ឋ។

ខែ​កញ្ញា ឆ្នាំ១៩៥៥

ព្រះបាទ សីហនុ ក្លាយ​ជា​នាយករដ្ឋមន្ត្រី

ព្រះបាទ សីហនុ ក្លាយ​ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​ព្រះអង្គ​ដាក់​រាជ​ថ្វាយ​ព្រះបិតា​ ព្រះបាទ សុរាម្រិត។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

កម្ពុជា​ទទួល​បាន​ឯករាជ្យ​

ព្រះបាទ នរោត្តម សីហនុ ដឹកនាំ​ទាមទារ​បាន​ឯករាជ្យ​ពី​បារាំង។

ឯកសារយោង

[x]

ខ្មែរក្រហម

ខ្មែរក្រហម ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ​១៧ ខែ​ មេសា ឆ្នាំ ១៩៧៥។ ក្រោម​ការដឹកនាំ​របស់​ ប៉ុល ពត ពួកគេ​ប្រើប្រាស់​មនោគមវិជ្ជា​ម៉ៅជ្រុលនិយម​និង​​ម៉ាក្សលេនីនជ្រុលនិយម ដើម្បី​ចង់​ផ្លាស់ប្ដូរ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​កសិកម្ម​មួយ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​និង​មិន​មាន​វណ្ណៈ។ របប​នេះ​សម្លាប់​​អ្នក​ចេះដឹង​និងបញ្ញវន្ត ដូចជា គ្រូបង្រៀន ព្រះសង្ឃ សិល្បករ និង​បុគ្គល​ណា​​ដែល​សង្ស័យ​ថា​មាន​ជា​ប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​​សម័យ​មុន​ឬ​រដ្ឋាភិបាល​បរទេស។ របប​ប្រល័យពូជសាសន៍​ខ្មែរ​ក្រហម​នេះ​បាន​បង្ខំ​ប្រជាជន​ឲ្យ​ចាកចេញ​ពី​ទីក្រុង​ទៅ​រស់នៅ​ជនបទ និង​បាន​បង្ខំ​​ប្រជាជនឲ្យធ្វើ​ការ​ងារ​ធ្ងន់ ឲ្យ​ពួកគេទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់ រង​ទារុណកម្ម និង​រងការកាប់​សម្លាប់។ របបខ្មែរ​ក្រហម​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ១,៧លាន​នាក់ ឬ​ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​សរុប រហូត​ទាល់​តែ​កងកម្លាំង​វៀតណាម​មក​រំដោះ​កម្ពុជា និង​បាន​ផ្តួលរំលំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី ​៧ ខែ ​មករា ឆ្នាំ ១៩៧៩៕

ប្រភពព័ត៌មាន

The Cambodian Genocide

គណបក្ស​សិទ្ធិមនុស្ស (HRP)

គណបក្ស​សិទ្ធិមនុស្ស (HRP) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ២០០៧ ដោយ​លោក កឹម សុខា។ គណបក្ស​នេះ​បាន​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដំបូង​បង្អស់​នៅ​ឆ្នាំ​២០០៨ ហើយឈ្នះ​បាន​អាសនៈ​ចំនួន​បី​ពី​ក្នុង​អាសនៈ​សរុប​ទាំងអស់​១២៣​នៅ​ក្នុង​រដ្ឋសភាជាតិ៕

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

គណបក្ស​ សម រង្ស៊ី (SRP)

គណបក្ស សម រង្ស៊ី (SRP) ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ១៩៩៥ ដោយ​លោក សម រង្ស៊ី និង​មាន​ឈ្មោះ​ដើម​ថា គណបក្សជាតិខ្មែរ។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ១៩៩៨ គណបក្ស SRP ឈ្នះ​បាន​អាសនៈ​ចំនួន​១៥​នៅ​ក្នុង​រដ្ឋសភា​ជាតិ ហើយនៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ គណបក្សនេះ​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​២២ភាគរយ និង​បាន​ក្លាយ​ជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ទីពីរ​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

ការបោះឆ្នោត​ជាតិ

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជា​រៀងរាល់​​៥​ឆ្នាំ​ម្តង។ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ អាច​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត។ គណបក្ស​នយោបាយ​ណា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​​អាច​តែងតាំង​សមាជិក​របស់​ខ្លួន​ជា​សមាជិក​រដ្ឋសភា​ជាតិ។ បច្ចុប្បន្ន​នេះ មាន​អាសនៈ​ចំនួន​១២៣​នៅ​ក្នុង​រដ្ឋសភា​ជាតិ ដែល​តំណាង​ឲ្យ​២៤​ខេត្តនិង​រាជធានី​ ភ្នំពេញ។ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​បង្កើត​រដ្ឋាភិបាល​​ថ្នាក់​ជាតិ រដ្ឋាភិបាល​ថ្នាក់​ខេត្ត ឧទ្ទេសនាម​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា។ ព្រះមហាក្សត្រ​ត្រូវ​ឡាយព្រះហស្ថលេខា​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ទាំងអស់។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ មក គណបក្ស​ CPP បាន​ឈ្នះ​រាល់​ការ​បោះឆ្នោត​ជាតិ​ទាំងអស់៕

ការបោះឆ្នោត​ឃុំ​សង្កាត់

ខណៈ​ដែល​​មាន​ភាព​ស្ថិរភាព​ជាង​មុន​និង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ដំបូង​បង្អស់​នៅ​ឆ្នាំ​២០០២។ ការ​បោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​៥​ឆ្នាំ​ម្តង ហើយ​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​បំផុត​តែងតាំង​មេឃុំ​ឬ​ចៅ​សង្កាត់​នៅក្នុង​ឃុំ​ឬ​សង្កាត់​នោះ។

មេឃុំឬ​ចៅ​សង្កាត់​ត្រូវ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អភិបាល​ខណ្ឌ​ឬ​ចៅហ្វាយ​ស្រុក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​មូលដ្ឋាន​ ដូចជា​​សាងសង់​ប្រព័ន្ធលូ​បង្ហូរ​ទឹក​ស្អុយ សាងសង់​ផ្លូវថ្នល់ បង្ក្រាប​បទឧក្រិដ្ឋ បង្កើត​ប្រភព​ទឹក​ស្អាតនិង​អគ្គិសនី​ជាដើម។ គណបក្ស​ CPP ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​ឃុំសង្កាត់​ភាគច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក៕

គណបក្ស​សង្គ្រោះជាតិ (CNRP)

គណបក្ស​សង្គ្រោះជាតិ (CNRP) ត្រូវ​បាន​បង្កើត​ឡើ​ងនៅ​ថ្ងៃ​ទី​ ១៧ ខែ ​កក្កដា ឆ្នាំ ២០១២ នៅ​ពេល​ដែល​​គណបក្ស​សិទ្ធិមនុស្ស (HRP) របស់​លោក កឹម សុខា និង​គណបក្ស សម រង្ស៊ី (SRP) របស់​​លោក សម រង្ស៊ី បាន​រួបរួម​គ្នា​តែ​មួយ។ លោក​ សម រង្ស៊ី ដែល​ជា​អតីត​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដែល​បាន​បង្កើត​គណបក្ស​ប្រឆាំង​ក្នុ​ង​ឆ្នាំ​១៩៩៥ ធ្វើ​ជា​ប្រធាន​គណបក្ស CNRP ហើយ​លោក កឹម សុខា ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន ធ្វើ​ជា​​អនុប្រធាន​គណបក្ស CNRP។

គណបក្ស CNRP ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៣ ហើយ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ពី​អាសនៈ​ទាំង​១២៣​នៅ​ក្នុង​រដ្ឋសភា​ជាតិក​ម្ពុជា។

កាល​ពី​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស CNRP និង​កំពុង​និរទេស​ខ្លួន​នៅ​បរទេស បាន​លាលែង​ពី​តំណែង​ដើម្បី​សង្គ្រោះ​គណបក្ស​នេះ​ឲ្យ​រួច​ផុត​ពី​ការ​រំលាយ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ធ្វើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​រំលាយ​គណបក្ស​នយោបាយ​ណា ដែល​មាន​មន្ត្រី​ប្រព្រឹត្ត​បទល្មើស​បាន។ លោក សម រង្ស៊ី ត្រូវ​បាន​កាត់​ទោសដោយ​កំបាំង​មុខកាល​ពី​ឆ្នាំ​២០១០ ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ជា​ការផ្សាយ​​ព័ត៌មាន​មិន​ពិត។

កាល​ពី​ខែ មីនា ឆ្នាំ ២០១៧ លោក កឹម សុខា បាន​បន្ត​តំណែង​ពី​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស CNRP។ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី ភ្នំពេញ ចំពោះ​ការ​ចោទប្រកាន់​ថា​ក្បត់​ជាតិ ដោយត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ថា​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការ​កំពូល​កម្ពុជា​បាន​ចេញ​សាលក្រម​ឲ្យរំលាយ​គណបក្ស​ CNRP។ មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ចុះចូល​ជាមួយនឹង​គណបក្ស CPP ខណៈ​ដែល​មន្ត្រី​​ជាច្រើន​ទៀត​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈប់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ៕

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

ហ៊្វុនស៊ីនប៉ិច (FUNCINPEC)

គណបក្ស​ហ៊្វុនស៊ីនប៉ិច ត្រូវ​បានប​ង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨១ ដោយ​ព្រះបាទ នរោត្តម សីហនុ ជា​ចលនា​តស៊ូ​មួយ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាលនៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រដោយ​វៀតណាម។ នៅ​ឆ្នាំ​១៩៩១ ព្រះ​បាទ នរោត្តម សីហនុ បាន​ប្រគល់​ចលនា​នោះ​ឲ្យ​​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ។ គណបក្ស​ហ៊្វុនស៊ីនប៉ិច ដែល​ជា​អក្សរកាត់​ជា​ភាសាបារាំង​ បាន​ក្លាយ​ជា​គណបក្ស​នយោបាយ​នៅ​ឆ្នាំ​១៩៩២។ គណបក្សហ៊្វុនស៊ីនប៉ិច​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​គាំទ្រ​ដោយ UNTAC ក្នុង​ឆ្នាំ​១៩៩៣។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង។ ដោយ​មាន​អន្តរាគមន៍​ពី​ព្រះបាទ នរោត្តម សីហនុ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន បាន​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដែល​មាន​នាយករដ្ឋមន្ត្រី​ពីរ រហូត​ដល់​ឆ្នាំ ១៩៩៧ នៅ​ពេល​ដែល​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ប្រយុទ្ធ​គ្នា នៅ​ខែ​កក្កដា ឆ្នាំ​ដដែល។ កងកម្លាំង​របស់​លោក ហ៊ុន សែន បាន​ទទួល​ជ័យជម្នះ ហើយ​ព្រះ​អង្គម្ចាស់ រណឫទ្ធិ ត្រូវ​និរទេស​ខ្លួន​ទៅ​នៅ​បរទេស និង​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​៕

ប្រភពព័ត៌មាន

Political Parties and Politicians in Cambodia

មីក្រូហិរញ្ញវត្ថុ

ក្នុង​រយៈពេល​​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ យ៉ាង​ហោច​ណាស់​មាន​គ្រួសារ​កម្ពុជា​ពីរ​លាន​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​២២​នៅ​កម្ពុជា​ ខ្ចី​ប្រាក់​ក្នុង​បរិមាណ​តិចតួច​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​កសិករ អ្នក​នេសាទ និង​អ្នក​ដទៃទៀត​ដែល​ត្រូវការ​ប្រាក់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ បើ​គ្មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទេ​នោះ ពលរដ្ឋ​កម្ពុជា​នឹង​មិន​អាច​ទទួល​បាន​ឥណទាន​នោះ​ឡើយ។

ឥណទាន​ខ្នាតតូច​​មិនមែន​មាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក Muhammad Yunus បាន​បង្កើត​ធនាគារ Grameen ក្នុង​ប្រទេស​បង់ក្លាដេស ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​​ដល់​ស្ត្រី​ក្រីក្រ​ ដែល​ត្រូវ​ទិញ​វត្ថុធាតុដើម​សម្រាប់​ផលិតផល​ដែល​ពួកគេ​ផលិតដើម្បី​លក់។ លោក Yunus យក​អត្រា​ការប្រាក់​យ៉ាង​ទាប​ពី​អ្នក​ខ្ចីប្រាក់ ហើយ​អ្នក​ខ្ចីប្រាក់​ត្រូវ​សង​វិញ​ក្នុង​អត្រា​មួយ​ដែល​បាន​ព្រមព្រៀង​គ្នា។ ជា​ឧទាហរណ៍​នៅ​ឆ្នាំ ២០១៦ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ Opportunity International បាន​ចេញ​របាយការណ៍​ថា ខ្លួន​​បាន​ទទួលអត្រា​​ប្រាក់​សំណង​វិញ​ប្រមាណ​៩៨,៩ភាគរយ។

លោក Yunus និង​ធនាគារ​​នោះ​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០០៦ ចំពោះ​ការ​បង្កើត​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​«កិច្ចខិតខំប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​ថ្នាក់​មូលដ្ឋាន‍‍‍»។ សហគ្រាស​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ធនាគារ​ពិភពលោក បាន​ប៉ាន់ស្មាន​ថា ត្រឹម​ឆ្នាំ​២០១៤ មនុស្ស​ជាង​១៣០​លាន​នាក់​បាន​ទទួល​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​ប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​នឹង​មីក្រូ​ហិរញ្ញវត្ថុ។

នៅ​កម្ពុជា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីស្វែងរក​​ប្រាក់​ចំណេញ ទោះ​បី​ជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​យល់​ឃើញ​ថា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​របស់​រដ្ឋាភិបាល​ក៏​ដោយ ហើយ​អ្នក​ខ្ចី​ប្រាក់​ជាច្រើន​យល់​ឃើញ​ថា​ការ​សង​ប្រាក់​កម្ចី​វិញ​គឺ​ជា​ពិបាក​ណាស់​សម្រាប់​ពួកគេ។ ជាឧទាហរណ៍​ ក្នុង​ទំហំ​​ប្រាក់​កម្ចី​១០០០​ដុល្លារ​ អ្នក​ខ្ចី​ប្រាក់​ត្រូវ​បង់​ការប្រាក់​៣,៥ភាគរយ​ជា​រៀងរាល់​ខែ។ ការសង​ប្រាក់​កម្ចី​វិញ​ពិបាក​ណាស់​សម្រាប់​កសិករ​ដែ​ល​ទទួល​បាន​ប្រាក់​ចំណេញ​ដោយ​ពឹង​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ពិភពលោក។

យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក នៅ​ចុង​ឆ្នាំ ២០១៦ ពលរដ្ឋ​កម្ពុជា​ទាំងអស់​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៣,១ពាន់​លាន​ដុល្លារ ហើយ​៨៨​ភាគរយ​នៃ​អ្នក​ខ្ចី​ប្រាក់​រស់​នៅ​ក្នុង​តំបន់​ជនបទ​ក្រីក្រ។

របាយការណ៍​ពិសេស​មួយ​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឡើង​ដោយ​​គម្រោង Mimosa សម្រាប់​​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​សិក្សា​អំពី​​បំណុល​ជំពាក់​មីក្រូ​ហិរញ្ញវត្ថុច្រើន​ហួសហេតុ​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​រកឃើញ​ថា «ទំហំ​នៃ​ប្រាក់​កម្ចី​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៤ បាន​កើនឡើង​៤​ដង​នៃ​​កំណើន​ប្រាក់​ចំណូល​​របស់​អ្នក​ខ្ចី​ប្រាក់។ ការណ៍​នេះ​ត្រូវ​បាន​ពណ៌នា​ថា​ជា​គ្រោះថ្នាក់​នៅ​កម្ពុជា​និ​ងមិន​មាន​ប្រទេស​ណា​ដូច នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត ភ្នំពេញ​ប៉ុស្តិ៍។

ស្ថានភាព​មាន​ការ​ធូរស្រាល​បន្តិច​នៅ​ខែ​ មេសា ឆ្នាំ ២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាលបាន​​​កំណត់​អត្រា​ការ​ប្រាក់​ប្រចាំ​ត្រឹម​តែ​១៨​ភាគរយ។ ប៉ុន្តែ​ការ​ដាក់​កម្រិត​នេះ​ធ្វើ​អ្នក​ខ្ចី​ប្រាក់​ក្នុង​បរិមាណ​តិច​តួច​មិន​អាច​ខ្ចី​បាន ដោយ​សារ​តែ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​បាន​រកឃើញ​ថា កម្ចីខ្នាត​តូច​​ផ្តល់​ប្រាក់​ចំណេញ​តិច​តួច ឬ​មិន​បាន​ផ្តល់ប្រាក់​ចំណេញ​ទាល់​តែ​សោះ ដោយសារត្រូវ​ចំណាយ​ទៅ​​លើ​​សេវា​រដ្ឋបាល៕

គណបក្ស​ប្រជាជន​កម្ពុជា (CPP)

គណបក្ស​ប្រជាជនកម្ពុជា (CPP) ​ត្រូវ​បាន​បង្កើតឡើង​ដំបូង​ជា​បក្ស​ប្រជាជនបដិវត្តន៍កម្ពុជា​ ​នៅ​ថ្ងៃ​ទី ​២៨ ខែ​ មិថុនា ឆ្នាំ ១៩៥១ ដោយ​ប្រើប្រាស់​​មនោគមវិជ្ជា​ម៉ាក្សឡេនីន​ជ្រុល​និយម។ គណបក្ស CPP បាន​ដឹក​នាំ​កម្ពុជា​ចាប់​តាំង​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​បាន​ដួល​រលំ​នៅ​​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ ១៩៧៩។ គណបក្ស CPP បាន​ចូល​រួម​​ក្នុង​ការ​បោះឆ្នោត​ជាតិ​លើក​ដំបូង​បង្អស់​ដែល​គាំទ្រ​ដោយ​ (UNTAC) ក្នុង​ឆ្នាំ​១៩៩៣ ប៉ុន្តែ​គណបក្ស​នេះ​បាន​ចាញ់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ ដោយ​មាន​អន្តរាគមន៍​ពី​ព្រះបាទ នរោត្តម សីហនុ គណបក្សហ្វ៊ុនស៊ីនប៉ិច​និង​គណបក្ស​ CPP បាន​ព្រមព្រៀង​គ្នា​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ​មួយ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​លោក​ ហ៊ុន សែន​ កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ។ លោក ហ៊ុន សែន​ ក្លាយ​ជា​ប្រធាន​គណបក្ស CPP នៅ​ខែ​មិថុនា ឆ្នាំ ២០១៥៕

ប្រភពព័ត៌មាន

CPP today marks 59 years since founding,” The Cambodian Daily

Political Parties and Politicians in Cambodia

អានបន្ថែម